លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​ - Dharma Medicine

Website

លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​

ចែករំលែកចំណេះដឹង
#មហា​វារវគ្គ​  #បាវាលវគ្គ​ #បិដក​លេខ​៣៨​📒📙📕

[​៤៥១​]​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​ទៅចុះ​ ​ចូរ​សំគាល់​នូវ​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​ ​រួច​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើរប្រទក្សិណ​ ​ហើយ​អង្គុយ​ជិត​គល់ឈើ​មួយ​ដើម​ ​ដ៏​មិន​ឆ្ងាយ​ប៉ុន្មាន​។​

 ​[​៤៥២​]​ ​(​កាលដែល​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចេញទៅ​មិនយូរ​ប៉ុន្មាន​)​ ​មារ​មានចិត្ត​បាប​ ​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរ​ក្នុង​ទីសម​គួរ​។​ ​(​លុះ​មារ​មានចិត្ត​បាប​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​)​ ​ក៏​ក្រាបទូល​អារាធនា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ ​ក្នុង​កាល​ឥឡូវនេះ​ទៅ​ ​សូម​ព្រះ​សុគត​ ​និព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ល្មម​បរិនិព្វាន​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​វាចា​នេះ​ថា​ ​នែ​មារ​មានចិត្ត​បាប​ ​(​បើ​)​ ​ពួក​ភិក្ខុ​ជា​សាវក​ ​របស់​តថាគត​ ​ដែល​ឈ្លាស​ ​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ ​នៅ​មិនទាន់​មាន​ ​ទាំង​មិនទាន់​ ​រៀន​វាទៈ​ ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយនិង​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​ទាំង​មិនទាន់​បាន​សង្កត់សង្កិន​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ ​ដែល​ខ្លួន​បាន​សង្កត់សង្កិន​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយនិង​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​ ​ដរាបណា​ទេ​ ​តថាគត​ ​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​ជា​សាវក​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ឈ្លាស​ ​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ ​ទាំង​បាន​រៀន​នូវ​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ហើយ​ ​ទាំង​សង្កត់សង្កិន​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ ​ដែល​បាន​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយ​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​បាន​ហើយ​។​ ​បពិត្រ​ ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ ​ក្នុង​កាល​ឥឡូវនេះ​ទៅ​ ​សូម​ព្រះ​សុគត​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ជា​កាលគួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បរិនិព្វាន​ហើយ​។​

​ [​៤៥៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​វាចា​នេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​តថាគត​ ​នឹង​មិនទាន់​បរិនិព្វាន​ទេ​ ​ព្រោះ​ពួក​ភិក្ខុនី​ ​ជា​សាវិកា​របស់​តថាគត​ ​ឈ្លាស​ ​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុ​សូ្ស​ត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ ​នៅ​មិនទាន់​មាន​ ​ទាំង​មិនទាន់​រៀន​នូវ​វាទៈ​ ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយនិង​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុកបើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​ទាំង​មិនទាន់​សង្កត់សង្កិន​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ ​ដែល​ខ្លួន​បាន​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយនិង​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​ក្នុង​កាល​ឥឡូវនេះ​ ​ពួក​ភិក្ខុនី​ ​ជា​សាវិកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ឈ្លាស​ ​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ហើយ​ ​ទាំង​បាន​រៀន​នូវ​វាទៈ​ ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ហើយ​ ​ទាំង​សង្កត់សង្កិន​ ​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ ​ដែល​ខ្លួន​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយ​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​បាន​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ទៅ​ ​សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ឥឡូវនេះ​ ​ជា​កាលគួរ​ ​ល្មម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ហើយ​។​

#ព្រះ​ #ព្រះពុទ្ធសាសនា #ព្រះពុទ្ធ​ព្រះ​ធម៌​ព្រះ​សង្ឃ​ #ព្រះពុទ្ធដីកា

Home